Tuesday, December 1, 2009

Why Budha sitting for religious concentration on Dragon?


ភ្នំពេញ​: ព្រះពុទ្ធ​រូប​ប្រក់​នាគ ឬ​ព្រះពុទ្ធ​គង់ប្រថាប់​នៅ​លើ​ពស់នាគរាជ​មួយ​មាន​ក្បាល​៧ ជា​ទម្រង់​រូបភាព ដែល​បង្ហាញឱ្យឃើញ​យ៉ាង​ច្បាស់លាស់​ពី​សិល្បៈ​វប្បធម៌​ខ្មែរ​យើង​នា​ សម័យកាលបុរាណ ពេល​ដែល​លទ្ធិ​ព្រះពុទ្ធសាសនា​បាន​ចាប់កំណើត​ឡើង​ជា​លើកដំបូង ​នា​សតវត្សរ៍​ទី​២​ នៃ​គ្រិស្តសករាជ ដោយ​ទទួល​ឥទ្ធិពល​ពី​ប្រទេស​ឥណ្ឌា ។ ប៉ុន្តែ​ដោយ​ត្រូវ​លទ្ធិ​ព្រហ្មញ្ញសាសនា​គាបសង្កត់ លទ្ធិ​ព្រះពុទ្ធសាសនា​ក៏​បាក់​ស្រុត​ចុះ​ថយ ឥទ្ធិពល​របស់ខ្លួន ។

ទោះបីជា​មាន​ការ​ប្រយុទ្ធ​គ្នា​ក្នុង​លទ្ធិ​ព្រហ្មញ្ញសាសនា​និយម​យ៉ាងណា​ ក៏ដោយ ក៏​សិល្បករ​ចម្លាក់​ខ្មែរ​មួយចំនួន​នៅតែ​គោរព​ស្រឡាញ់ ហើយ​ខិតខំ​ឆ្លាក់​រូប​បដិមា​ព្រះពុទ្ធ​ជានិច្ច​ មិន​អាច​បោះបង់ចោល​បានឡើយ ។ លុះ​មក​ដល់​សតវត្សរ៍​ទី​៦​នៃ​គ្រិស្តសករាជ សិល្បករ​ចម្លាក់​ខ្មែរ​យើង​មាន​ការកែច្នៃ​ច្រើន ដើម្បី​បង្កើន​សម្រស់​សោភ័ណភាព ដោយ​មាន​ឆ្លាក់​រូប​ព្រះកេសា​ព្រះអង្គ​ឱ្យមាន​ភ្នួ​ង​សក់​កួច​ឡើង​ទៅលើ ក្រោម​រូបភាព​ជា​លក្ខណៈ​ធម្មជាតិ​ពិតៗ​របស់​មនុស្ស ។ លុះ​ក្រោយមក​ទៀត សិល្បករ​ចម្លាក់​ខ្មែរ​យើង ក៏​បាន​រៀបចំ​កែច្នៃ ឱ្យ​កាន់តែ​មាន​សម្រស់​សោភ័ណភាព​សុក្រឹត​ថែម​ទៀត គឺ​មាន​ចម្លាក់​ពាក់​របាំង​មកុដ​រស្មី ដែល​បាន​បង្ហាញ​ពី​ឋានៈ​ជា​ព្រះមហាក្សត្រ​ដ៏​កំពូល ដើម្បី​រក្សា​ព្រះនាម​កិត្យានុភាព​ដ៏​អស្ចារ្យ​ ក៏ដូចជា​រក្សា​វង្ស​ត្រកូល​ ព្រះរាជា ឬ ស្តេច​គ្រប់គ្រង​ផែនដី ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ទស្សនៈ​រីកចម្រើន​ពីរ​គឺ​៖ ទស្សនៈ​ព្រះពុទ្ធសាសនា​ថេរវាទ ហិន​យាន (​មា​រា​វិជ័យ និង​ការចេះ​ត្រាស់ដឹង​) ។

​ ​ មិនតែប៉ុណ្ណោះ​សិល្បករ​ចម្លាក់​ខ្មែរ​យើង តែង​ឆ្លាក់​រូប​ព្រះពុទ្ធ​មាន​កាយវិការ​ខុសៗ​គ្នា​ដូចជា ឈាន​មុទ្រ ​(​សម្មា​ធិ​), ភូមិស្ប​សិមុទ្រ (​យក​ធរណី​ជា​សាក្សី​ក្នុង​ពេល​ផ្ចាញ់ផ្ចាល​មារ​), អភយ​មុទ្រ (​ចូរ​កុំ​ខ្លាច​), ធម្ម​ចក្រ​មុទ្រ (​ការសម្តែង​ធម្ម​ចក្រ​), វរ​មុទ្រ (​ការ​ដាក់​ទាន​), និង វិត​កិ​មុទ្រ ​(​ការ​ត្រិះរិះ​ពិចារណា​) ។​

​ ​ដោយសារ​ឥរិយាបថ​នេះហើយ ដែល​នាំឱ្យ​យើង​ស្គាល់​ព្រះអង្គ​ជា “​សមណ​គោតម​” ។ ព្រះអង្គសមណគោតម​នេះហើយ​ដែល​ជា​អាទិទេព​មួយ​ព្រះអង្គ​មាន​សន្តាន​ចិត្ត​ អាណិតអាសូរ​ ដល់​ជីវិត​ក្នុង​លោក ព្រម ទាំង​ដឹកនាំ​ជីវិត​គ្រប់គ្នា​ទៅ​រក​ផ្លូវ​កុសលធម៌ និង​ប្រោះព្រំ​ជីវិត​ទៅ​រក​សិទ្ធិ​សេរី និង​សុភមង្គល​ទៀតផង ។​

​ ​ ម្យ៉ាងទៀត​ការ​សមាធិ​របស់​ព្រះអង្គ​ក៏​បាន​បង្ហាញ​ឱ្យ​យើង​ដឹងថា ជួនកាល​ព្រះអង្គ​គង់ប្រថាប់​នៅ​លើ​ផ្កាឈូក​រីក ជួនកាល​គង់ប្រថាប់​នៅ​លើ​សត្វ​ពស់នាគរាជ​ទៅវិញ ។ ប៉ុន្តែ​!...​ហេតុអ្វី​បានជា​សិល្បករ​ចម្លាក់​ខ្មែរយើង​ចូល​ចិត្ត​ឆ្លាក់​ រូប​ព្រះ​ពុទ្ធអង្គ​គង់ប្រថាប់​នៅ​លើ​សត្វ​ពស់​នាគរាជ ​?

​ ​រឿងនេះ​វា​ទាក់ទង​ទៅនឹង​ផ្នែក​មួយ​នៃ​ជីវប្រវត្តិ​របស់​ព្រះពុទ្ធ​ដែល​បាន​លាតត្រដាង​ឱ្យឃើញថា​៖
​ ​នៅពេលដែល​ព្រះអង្គ​កំពុងតែ​សមាធិ​ស្មឹង​ស្មាធិ៍​នៅ​ក្រោម​ដើម​ពោធិព្រឹក្ស ​ក្បែរ​ស្ទឹង​នេ​រ​ញ្ជ​រ ត្រង់ តំបន់​ណេ​ប៉ាល់​ប្រទេស​ឥណ្ឌា​...​ពេលនោះ​ស្រាប់តែ​មាន​ភ្លៀងខ្យល់ ព្យុះ សង្ឃ​រា ព្រមទាំង​មាន​ផ្លេកបន្ទោរ​ផ្គរ លាន់​ទាំង​៨​ទិស​បក់បោក​យ៉ាងខ្លាំង​ ធ្វើ​ឱ្យ​ផ្ទៃមេឃ​ងងឹត​ជុំជិត រុក្ខជាតិ​ទាំងពួង​រេ​រាំ​ចុះឡើងៗ បាក់​មែក ដាច់​ស្លឹក ដាច់​ផ្កា ដាច់​ផ្លែ និង​ជីវិត​បក្សី​បក្សា​ទាំងឡាយ​កំពុងតែ​រង​គ្រោះ​មហន្តរាយ ភិតភ័យ​យ៉ាងខ្លាំង សម្បើម​អស្ចារ្យ​ដែល​បណ្តាល​មកពី​បាតុភូតធម្មជាតិ​គំរាមកំហែង ។ ​ដោយសារ​មើលឃើញ​ព្រះអង្គ​នៅតែ​សមាធិ​ជា​ដដែល​អស់​រយៈពេល​៧​ថៃ្ង​កន្លងមកហើយ ទាំង​ហាលភ្លៀង ហាល​ខ្យល់ ក្តៅ រងា​ញ័រញាក់ និង​មើលឃើញ​ទិដ្ឋភាព​គួរឱ្យ​អាណិតអាសូរ គោរព​ស្រឡាញ់​ទៅលើ​ព្រះពុទ្ធ​នោះ សត្វ​ពស់នាគរាជ​មួយ​ប្រកប​ទៅដោយ​វិចារណញ្ញាណ​ឈ្មោះ “​មុចិ​លិ​ន្ទ​” ក៏​វា​រលូន​ទៅ​យ៉ាង​សន្សឹមៗ​ក្បែរ​បាទា​ទាំង​គូ​របស់​ព្រះអង្គ ដោយ​យក​ខ្លួន​រុំ​ធ្វើ​ជា​រង្វេល​រាង​មូល ព្រមទាំង​ងើប​សិរសា​ទាំង​៧​ឡើង បើក​ពពារ​រាង​ដូច​ជា​រនាំង​ឆត្រ​សិល្ប៍​ពិសិដ្ឋ ដើម្បី​ជួយ​ការពារ​បិទបាំង​គ្រោះធម្មជាតិ ហាក់បីដូចជា​អង្វរករ​លន់តួ​ដល់​ព្រះអង្គ​ថា​៖ “​ព្រះអង្គម្ចាស់​! សូម​ព្រះអង្គ​យាង​មក​គង់​ប្រថាប់​នៅលើ​ខ្លួន​ខ្ញុំ​ព្រះករុណា​មក​ចុះ​ណា៎​ ព្រះអង្គ​!...” ។​

​ពេល​នោះ​ព្រះពុទ្ធ​ក៏​បើកព្រះនេត្រ​ទាំង​ទ្វេ​ភ្លាម ក៏​ទត​ឃើញ​សត្វ​ពស់នាគរាជ​មុចិ​លិ​ន្ទ​យ៉ាង​ស្លូតបូត នៅតែ​ស្វិតស្វាញ​តស៊ូ​នៅ​នឹង​មួយកន្លែង​ពុំ​វារ ឬ​លូន​ចាកចេញ​ទៅ​ទីណា​សោះ ទើប​ព្រះអង្គ​មាន​ព្រះ​តំរិះ​ក្នុងព្រះទ័យ​ថា​៖ ​“​ឱ​សត្វ​ពស់នាគរាជ​មុចិ​លិ​ន្ទ​អើយ​!...​អ្នក​ពិត​ជា​ព្រះ​រាជសេនា​ព្រះ​ រាជបល្ល័ង្ក​ស្មោះត្រង់​ពិតៗ​ជាមួយ​យើង​ហើយ​!... ” ។​
​មួយ​សន្ទុះ​ក្រោយ ​ពី​ព្រះអង្គ​ឈ្វេងយល់​រួចហើយ ទើប​សម្រេច​ព្រះទ័យ​យាង​ទៅ​គង់ ប្រថាប់​នៅ​លើ​សត្វ​ពស់នាគរាជ​មុចិ​លិ​ន្ទ​ក្បាល​៧​នេះ​តែម្តង ។​

​ ​នៅពេល​ដែល​ព្រះពុទ្ធ​បាន​យាង​គង់ប្រថាប់​នៅលើ​សត្វ​ពស់នាគរាជ​មុចិ​លិ​ន្ទ ​ក្បាល​៧​រួចមក ពេលនោះ មហិទ្ធិឬទ្ធិ​របស់ពស់​នាគរាជ​មុចិ​លិ​ន្ទបាន​ការពារ​ព្រះអង្គ​ជា​និច្ច ទោះបីជា​មាន​ខ្យល់ព្យុះ ភ្លៀង ​ផ្គរ​បែបណាក៏ដោយ ក៏​មិន​អាច​មក​ប៉ះពាល់​ដល់​ព្រះអង្គ​កាយពល​របស់​ព្រះអង្គ​បាន​ទេ​ ក្នុងការសមាធិ ដើម្បី​ប្រមើល​មើល​ពីដំណើរ​ជីវិត​សត្វលោក​ទាំងឡាយ​ដែល​កំពុងតែ​ជួបប្រទះ​នូវ ​រឿងហេតុ​ផ្សេងៗ​ជា​ប្រចាំ​នៅ​ក្នុងសង្គម​រស់នៅ ។​

​ហេតុដូច្នេះ​ហើយ​បានជា​សិល្បករ​ចម្លាក់​ខ្មែរ​យើង តែងតែ​បង្ហាញ​ព្រះ​ពុទ្ធអង្គ និង​សត្វ​ពស់នាគរាជ​មុចិ​លិ​ន្ទ ដែល​ពពួក​ពុទ្ធសាសនិក​និយម​បាន​ឱ្យ​តម្លៃ​យ៉ាង​ខ្លាំងក្លា​បំផុត​ទៅ​លើ​ ទស្សនៈ​ផ្លូវ​កុសលធម៌ សច្ចធម៌ និង​ទស្សនៈ​ឧត្តមភាព ព្រលឹង​វិលវល់​នៅ​ក្នុង​ពិភព​ស្ថាន​លោក​បច្ចុប្បន្ន និង​ទៅ​ពិភព​បរលោក ​(​លោក​ខាងមុខ​) ជាពិសេស​ទៅទៀត មិន​គ្រាន់តែ​មនុស្ស​គោរព​ស្រឡាញ់​ព្រះពុទ្ធ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​សត្វ​ពស់នាគរាជ​មុចិ​លិ​ន្ទ ឬ​សត្វ​ស្វា ដំរី​...(​ក្នុង​រឿង​ជីវប្រវត្តិ​ព្រះពុទ្ធ​) ក៏​គោរព​ស្រឡាញ់​ព្រះអង្គ​ដែរ ។

​រហូតមកដល់​បច្ចុប្បន្ន​យើង​នេះ សិល្បករ​សូន​រូប ឬក៏​សិល្បករ​ចម្លាក់​លោហធាតុ ទាំង​មាសក្តី ទាំង​ស្ពាន់​ក្តី ទាំង​លង្ហិន ឬ​សំរឹទ្ធិ​ក្តី ទាំងស៊ីម៉ងត៍​ក្តី ៘ ក៏​នៅតែ​សូន​រូប ឬ​សិតរូប​ព្រះអង្គ​ឱ្យ​គង់ប្រថាប់​នៅ​លើ​សត្វ​ពស់នាគរាជ​មុចិ​លិ​ន្ទនោះ​ដែរ ។​

​ទោះបី​ជួនកាល​មានរ​បាំង​មកុដ​រស្មី​ព្រះមហាក្សត្រ ឬក៏​មាន​ព្រះកេសា​ (​សក់​) វេញ​ថ្កួ​ញ​អង្កាញ់ៗ​ដូចគូទ​ខ្យង​យ៉ាងណាក៏ដោយ ក៏​នេះ​គឺជា​ជំនឿ​ទៅលើ​លទ្ធិ​ព្រះពុទ្ធសាសនា​និយម​ក្នុង​ប្រវត្តិសាស្ត្រ​ ប្រជានុរាស្ត្រ​ខ្មែរ យើង​ដែល​មាន​ប្រាសាទបាយ័ន​ជា​សំណល់​សក្ខីភាព​បញ្ជាក់​ស្រាប់​ក្នុង​សតវត្សរ៍ ​ទី​១៣ ក្រោម​រជ្ជកាល​ព្រះបាទ​ជយ​វរ្ម័នទី​៧ (១១៨៣ -១២១៨)​ នៃ​គ្រិស្តសករាជ ។

​មក​ដល់​សព្វ​ថៃ្ង​ ក្នុង​សតវត្សរ៍​ទី​២១ ប្រជារាស្ត្រ​ខ្មែរ​យើងនៅតែ​បន្ត​មរតក​ជំនឿ​ទៅលើ​ព្រះពុទ្ធសាសនា​ដដែល ៕

About This Blog

About This Blog

  © Blogger template 'Sunshine' by Ourblogtemplates.com | Distributed by Mumbai Mania 2008

Back to TOP