Monday, November 30, 2009

Why does God KONES have Elephant Head???


នៅ​តាម​ប្រាសាទ​បុរាណ​ខ្មែរ​នានា កាល​ពី​ពុំទាន់​មាន​ចោរលួច​វត្ថុ​បុរាណ តែង​មាន​ព្រះ​បដិមា ព្រះអាទិទេព​មួយបែប​ដែល​មាន​ព្រះកាយ (ខ្លួន​) ជា​មនុស្ស​, ព្រះ​សិរសា (ក្បាល​) ជា​ក្បាលដំរី

អ្នករៀន​ប្រវត្តិវិទ្យា និង​សិល្បៈ​វប្បធម៌​បាន​ស្គាល់​ច្បាស់​ថា គឺជា​បដិមា​របស់​អាទិ​ទេព​មួយអង្គ​ឈ្មោះ​ព្រះ​គណេស ដែល​គេ ហៅ​ក្លាយ​មក​ថាព្រះ​ភ​ឃ្នេស​ ក៏ប៉ុន្តែ ក៏​នៅ​មាន​អ្នកខ្លះ​មិន​បានដឹង​រឿងរ៉ាវ​ដើម​យ៉ាងណា​ដែល​នាំ​ឱ្យ​ព្រះអាទិទេព នេះ​មាន​ព្រះ​កេស​ចម្លែក​បែបនេះ​ទេ រឿងរ៉ាវ​អំពី​ព្រះអាទិទេព​អង្គ​នេះ​មាន​មួយ​តាមរយៈ​រឿងព្រេង​និទាន និង​រឿង​មួយ​ទៀត​តាមរយៈ រឿង​ទេវ​កថា ដោយឡែក​ចំពោះ​រឿង​ទេវ​កថា​វិញ​មាន​សេចក្តី​ដូច​តទៅ​៖

ថៃ្ង​មួយ​នៅពេល​ដែល​ព្រះអង្គ​សិវៈ​ប្រាថ្នា​យាង​ចាកចេញ​ទៅ​សមាធិ​ តាំងសិល្ប៍​នៅឯ​ភ្នំ​សច្ចំ​មួយរយៈ​ដ៏​យូរ​ឆ្នាំ ព្រះ​នាង​អគ្គមហេសី​ព្រះ​នាងបព៌ទី (ប៉ារ​វ៉ា​ទី​) ក៏​សុំ​សំណូមពរ​ដល់​ព្រះ​ស្វាមី​ថាបើសិន​ព្រះអង្គ​ឃ្លាតឆា្ងយ​ពី​ខ្ញុំ​ម្ចាស់យូរ​ឆ្នាំ​បែប​នេះ ខ្ញុំម្ចាស់​សែន​អផ្សុក​ខ្លាំងណាស់​...តែ​បើសិនជា​មាន​ព្រះរាជ​បុត្រា​ នៅកំដរ​លេង​នោះ ខ្ញុំម្ចាស់​មិនដឹង​ជា​សប្បាយ​រីករាយ​ក្នុង​ព្រះទ័យ​យ៉ាងណាទេ​ព្រះអង្គ​ !...” ។​

ដើម្បី​បំពេញ​ព្រះរាជ​ហ​ប្ញ​ទ័យ​របស់​ព្រះ​អគ្គមហេសី ព្រះ​សិវៈ​ក៏​ផ្តែផ្តាំ​ដល់​ព្រះ​នាង​ឱ្យ​យក​កម្អែល​ខ្នើយរបស់​ព្រះអង្គ យក​មក​សូន​ជា​រូប​អាទិទេព​តូច​មួយ​រួមផ្សំ​ទៅនឹង​ដំណក់ទឹក​ញើស​នៅ​លើ​ ដើមទ្រូង​របស់​ព្រះ​នាង រួច​ហើយ​យក​ទៅ​តម្កល់​ទុក​ក្នុង​រយៈពេល​បី​ថៃ្ង ។​

ព្រះ​នាង​ប៉ារ​វ៉ា​ទី​ក៏​អនុវត្តន៍​តាម​ព្រះរាជបន្ទូល​របស់​ ព្រះអង្គទាំងអស់ ...ទីបំផុត​ក៏​បាន​ព្រះរាជ​បុត្រា​មួយអង្គ​មាន​ព្រះនាម​ថាព្រះ​គណេស​ដូច​ព្រះរាជបំណង​ពិតប្រាកដ​មែន

លុះ​ច្រើន​ឆ្នាំ​បាន​កន្លងផុតទៅ​... ព្រះ​គណេស​ក៏​ពេញ​រូបរាង​ស្អាត​ស្រស់​សង្ហារ​មាន​សម្បុរ​ឆោម​លោម​ពណ៌​គួរឱ្យ ស្រឡាញ់​ជាទីបំផុត ពោរពេញ​ទៅដោយ​ចំណេះវិជ្ជា​ដ៏​វិសេសវិសាល​ ហើយ​ព្រះ​មាតា​ប៉ារ​វ៉ា​ទី​តែងតែផ្តែផ្តាំ​ឱ្យ​ទន្ទឹងរង់ចាំ​ផ្លូវ​ ព្រះវរបិតា​ដែល​ជិត​យាង​ត្រឡប់មក​ពី​សមាធិ​តាំង​សិល្ប៍​នៅឯ​ភ្នំ​ទេព​សច្ចំ​ វិញ ព្រះអង្គ​គណេស​ក៏​តែងតែ​គោរព​តាម​ព្រះរាជ​បញ្ជា​របស់​ព្រះរាជ​មាតា​ជា​ដរាប ដោយ​ឈរ​ទន្ទឹងរង់ចាំ​នៅ​ពីមុខខ្លោងទ្វារ​មហា​កំផែង​វិមាន​អមតៈ ។​

ថៃ្ង​មួយ​ព្រះអាទិទេព​សិវៈ​ក៏​យាង​ត្រឡប់មក​ពី​សមាធិ​តាំង​សិល្ប៍​នៅឯភ្នំ ទេព​សច្ចំ លុះ​យាង​មក​ដល់​ខ្លោងទ្វារ​មហា​កំផែង​វិមាន​អមតៈ ក៏​ប្រទះ​កំលោះ​បរិសុទ្ធ​រូប​ស្អាត​ស្រស់ប្រិមប្រិយ​មួយអង្គ​កំពុង​ឈរ​រេរា​ ចុះឡើងៗនៅ​ពីមុខ​នោះ ព្រះ​សិវៈ​បោះ​ជំហាន​មួយៗ​ចង់​យាង​ចូលទៅ​...តែ​ចូល​មិនបាន ព្រោះ​ព្រះ​គណេស​ជំទាស់​គ្រប់ពេលវេលា ហើយ​ដាក់​លក្ខខណ្ឌ​យ៉ាង​តឹងរ៉ឹង​បំផុត លុះត្រាតែ​យក​ជ័យជម្នះ​លើ​ក្បាច់គុន​មហិទ្ធិប្ញទ្ធិ​មន្តអាគម​លើ​ខ្លួន​សិន ពេល​នោះ​ព្រះ​សិវៈ​ក៏​ផ្ទុះឡើង​នូវ​កំហឹង​ប្រច័ណ្ឌ ប្រៀប​ដូច​ជា​បន្ទុះ​ភ្នំភ្លើង ក៏​បង្ក​ឡើង​នូវ​ឆាកប្រយុទ្ធ​គ្នា​រវាង​ព្រះរាជបុត្រ​ និង​ព្រះវរបិតា​ដែលពុំ​ស្គាល់​គ្នា ការប្រយុទ្ធ​គ្នា​បាន​ប្រព្រឹត្តទៅ​យ៉ាងយូរ​ពោរពេញ​ទៅ​ដោយ​សភាពក្តៅក្រហាយ​ ក្រៃលែង ព្រះបិតា​បាន​ប្រើមហិទ្ធិប្ញទ្ធិ​មន្តអាគម​គា​ថា​ខ្យល់​បក់​កំបុតត្បូង​ទៅលើ ព្រះ​គណេស​ ធ្វើ​ឱ្យ​ដាច់​សិរសា​ប៉ើង​ខ្ទាត​បាត់​ពី​ព្រះកាយ​មួយ​រំពេច ។​

ក្រោយ​ពី​ធ្វើគ​ត​ព្រះ​គណេស​ហើយ ព្រះ​សិវៈ​ក៏​យាង​ចូលទៅ​ក្នុង​ប្រាសាទ ពេល​ជួប​ព្រះ​អគ្គមហេសីព្រះ​នាង​ប៉ារ​វ៉ា​ទី ទើប​ដឹងថា ព្រះ​គណេស​គឺជា​ព្រះរាជបុត្រ​ទី​២​របស់​ព្រះអង្គ ព្រះ​អង្គ​ស្ទុះ​ចេញមកក្រៅ​ជាបន្ទាន់ ខំ​រកមើល​ក្រែង​ឃើញ​ព្រះ​សិរសា​ព្រះ​រាជបុត្រា​ជ្រុះ​នៅ​កន្លែង​ណា​ នឹង​អាល​រើសយក​មក​ត​ភ្ជាប់​ប្រស់​ឱ្យ​រស់​ឡើង​វិញ ព្រះ​សិវៈ​ក៏​ប្រកូក​ប្រកាស​ឱ្យ​គ្រប់​អាទិទេព​ធំ​តូច​ទាំងអស់​នាំគ្នា​ដើរ​ ជួយ​រក​ព្រះ​កេស ប៉ុន្តែ​នៅ​តែ​រក​មិនឃើញ មើលទៅ​ពេល​នោះ​ប្រហែល​អាទិទេព​ខ្យល់ (ព្រះ​ពាយ​) មិនបាន​ចូលរួម​ជួយ​រកផង​ទេ ព្រោះ​បើសិនជា​ព្រះពាយ​ជួយ​រក​ច្បាស់​ជា​ឃើញ​មិន​ខាន ព្រោះ​ទៅ​ដល់​ទីណា​ក៏​ខ្យល់​ទៅ​ដល់​ដែរ ប៉ុន្តែមាន​អ្នកខ្លះ​សន្និដានថា ប្រហែល​ជា​ព្រះ​កេស​នេះ​ធ្លាក់​ចូល​ទៅ​ក្នុង​លំហរ​សុញ្ញ​កាស (LE VIDE) ទេ​ដឹង បានជា​គ្មាន​នរណា​រកឃើញ​សោះ

ចំណែកឯ​ព្រះ​សិវៈ​វិញ ទោះបីជា​ខិតខំ​ប្រើ​មហិទ្ធិប្ញទ្ធិ​ទិព្វ​គ្រប់បែប​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​រក​ពុំ​ឃើញ​ទាល់តែសោះ ដោយ​អស់​តំរិះ​នឹង​ឈ្មុសឈ្មុល​រុករកទៀត ព្រះអង្គ​ក៏​យាង​ត្រឡប់​មក​វិមាន​អមតៈ​វិញ​ទាំង​ក្តី​អស់សង្ឃឹ​ម និង​សោកស្តាយ​ ជាទីបំផុត នៅពេល​ព្រះអង្គ​យាង​មកដល់​ព្រៃ​សួគ៌ា​មួយ ក៏​ប្រទះ​នឹង​កូនដំរី​មួយ ក៏​សម្រេច​កាត់​ក្បាល​កូនដំរី​នោះ​យក​មក​ត​ភ្ជាប់​ទៅនឹង​ដងខ្លួន​ ព្រះរាជបុត្រា​ទី​២ ព្រះគណេស​តែម្តង ចាប់តាំងពី​ពេលនោះ​មក ព្រះ​គណេស​អាច​រស់រាន​មានជីវិត​វិញ​បាន​ដូច​គេ​ដូច​ឯង តែ​ក្នុងលក្ខណៈ​ជា​អាទិទេព​មាន​ភាព​ចម្លែក​អស្ចារ្យ​ជាងគេ គឺ​មាន​ដងខ្លួន​ជា​មនុស្ស ក្បាល​ជា​សត្វ​ដំរី​ជា​រៀងដរាបមក​។

សូមបញ្ជាក់​ថា នេះ​ជា​រឿងរ៉ាវ​អាទិទេព​ក្នុង​លទ្ធិ​ព្រហ្មញ្ញសាសនា ដែល​បាន​ពង្រីក​អំណាច​ឥទ្ធិពលរបស់​ខ្លួន​យ៉ាង​ខ្លាំងក្លា​នៅក្នុង​ប្រទេស​ កម្ពុជា​ចាប់តាំងពី​សតវត្សរ៍​ទី ដល់​សតវត្សរ៍​ទី​១២ នៃ​គ្រិស្តសករាជ

នៅលើ​ព្រះ​សិរសា​ជាក្បាលដំរី​នៃ​ព្រះ​គណេស​នេះ គេ​ឃើញ​មាន​ភ្លុក​ម្ខាង​ត្រូវ​បាក់ មិនមែន​ជា​ការបា​ក់ដោយ​ចៃដន្យ​ទេ គឺជា​រូបភាព​ដើម​ដែល​សិល្បករ​ឆ្លាក់​បែបនេះ ព្រោះ​មាន​រឿងរ៉ាវ​ថា ពេល​មួយ​នោះ​ព្រះ​គណេស​បាន​ប្រយុទ្ធ​ជាមួយនឹង​ព្រះ​បរា​សុ​រាម​ដែលជា​អវតារ​បែងភាគ​របស់​អាទិទេព​ព្រះ​វិស្ណុ ហេតុដូច្នេះហើយ​បានជា​សិល្បក​រតែង​ឆ្លាក់​រូប​លោក​មាន​ពោះ​កំប៉ោង ព្រះ​ហស្ថកា​ន់​ថា​សម្ហូប កាន់ដំបង​ខ្លី និង​កាន់​កង្វារ​ទំ​ពក់ ព្រះ​កេតនភណ្ឌ​របស់​ព្រះអង្គ​វិញ​គឺ ខ្សែរឹត យានជំនិះ​ព្រះអង្គ​គឺ​សត្វ​កណ្តុរ

About This Blog

About This Blog

  © Blogger template 'Sunshine' by Ourblogtemplates.com | Distributed by Mumbai Mania 2008

Back to TOP